ធ្នូ 21, 2022

កញ្ចប់ថវិកានៃគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី ២ របស់ធនាគា SME នឹងត្រូវបង្កើនរហូតដល់ចំនួន ២៤០ លានដុល្លារអាមេរិក

នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកញ្ចប់ថវិកាចំនួន ១០០ លានដុល្លារអាមេរិក សម្រាប់ជំរុញការអនុវត្តន៍ ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ឆ្នាំ២០២១-២០២៣។ ទន្ទឹមនេះ កញ្ចប់ ថវិកានេះ ក៏បានផ្តល់ជូនធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ចំនួន ៥០ លានដុល្លារអាមេរិក ដើម្បីជួយលើកស្ទួយវិស័យ​ សហគ្រាសធុនតូច និងមធ្យម ដែលជាវិស័យដ៏សំខាន់ក្នុងការចូល​រួមគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា និងការបង្កើតការងារ ព្រមទាំងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនភាពធន់របស់សេដ្ឋកិច្ច​ជាតិទៅនឹងវិបត្តិផងដែរ។

 

លោក លឹម​ អូន អគ្គនាយក នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (ធនាគារ SME) បានលើកឡើងថា កន្លងមក ធនាគារ SME បាននឹងកំពុងដាក់ឲ្យអនុវត្តនូវគម្រោងសហហិរញ្ញប្បទានទ្រទ្រង់​ សហគ្រាសធុនតូច និងមធ្យម ចំនួន ២​លើក (SCFS I & II) មកហើយ​ ក្នុងនោះ៖ គម្រោង SCFS I ដែលមានទំហំថវិកា ១០០ លានដុល្លារអាមេរិក (ធនាគារ SME ៥០ លានដុល្លារអាមេរិក និងបដិ-​ភាគពី PFIs ៥០ លានដុល្លារអាមេរិក) បានដាក់ឲ្យដំណើការ​នៅក្នុងខែមេសា ឆ្នាំ២០២០ និងបានបញ្ចប់នៅក្នុងខែតុលា ឆ្នាំ២០២០ ដែលបានផ្តល់ហិរញ្ញប្ប​ទា​នជូនដល់ ៧៥៣ សហគ្រាស។ ជាងនេះទៀត គម្រោង SCFS II ដែលបាន នឹងកំពុងដំណើរការជាមួយកញ្ចប់ថវិកាចំនួន ១៤០ លានដុល្លារអាមេរិក (ធនាគារ SME ៧០ លានដុល្លារអាមេរិក និងបដិភាគពី PFIs ៧០ លានដុល្លារអាមេរិក) បានដាក់ឲ្យដំណើការចាប់ពីខែសីហា ឆ្នាំ២០២១ និងគិតត្រឹមថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ គម្រោងនេះបានផ្តល់ហិរញ្ញប្ប​ទា​នជូនដល់ ១ ១០១ សហគ្រាស ជាមួយទំហំឥណទានសរុប ១៣៦ លាន​ដុល្លារអាមេរិក។

 

លោកអគ្គនាយក បានបន្តទៀតថា ដោយមើលឃើញពីការទទួល បាននូវលទ្ធផលជាវិជ្ជមានចេញ​ពីការអនុវត្ត SCFS II និងតម្រូវការចាំបាច់ក្នុងការបន្តគាំទ្រផ្នែកហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យម ទើបរាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចផ្តល់ថវិកាបន្ថែមចំនួន ៥០ លានដុល្លារ អាមេរិក ដល់  ធនាគារ SME ដើម្បីបន្តអនុវត្ត SCFS II រួមនឹងថវិកាបដិភាគ ចំនួន ​៥០ លានដុល្លាអាមេរិកទៀតរបស់ PFIs។ ដូច្នេះ ថវិកាសរុបនៃគម្រោងនេះនឹងកើនឡើងដល់ ២៤០ លាន ដុល្លារអាមេរិក (ធនាគារ SME ១២០ លានដុល្លារអាមេរិក និងបដិភាគ ពី PFIs ១២០ លានដុល្លារអាមេរិក)។

ហេតុដូចនេះ ម្ចាស់សហគ្រាសធុនតូច និងមធ្យម ដែលមានតម្រូវការហិរញ្ញប្បទាន អាចបន្តដាក់ពាក្យស្នើសុំឥណទានក្រោម SCFS II ដោយធ្វើការទំនាក់ទំនងផ្ទាល់ជាមួយ PFIs ណាមួយ ក្នុងចំណោម PFIs ទាំង ២៨ ឬ ទំនាក់ទំនងមកកាន់ ធនាគារ SME ដោយផ្ទាល់តាមអាសយដ្ឋានដូចខាងក្រោម៖

 

  • អគារលេខ ៣០ ផ្លូវប៉ាស្ទ័រ កែងផ្លូវព្រៃនគរ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
  • ទូរសព្ទលេខ៖ 096 811 1118
  • អ៊ីម៉ែល៖ info@smebankcambodia.com.kh
  • គេហទំព័រ៖ www.smebankcambodia.com.kh
  • ឬអាចដាក់ពាក្យស្នើសុំតាមរយៈប្រព័ន្ធអនឡាញដោយគ្រាន់តែចុច៖https://forms.office.com/r/sABjYrVXe7

បន្ថែម

នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ លោកបណ្ឌិត លឹម អូន អគ្គនាយក នៃធនាគារ SME បានអញ្ជើញចូលរួមជាវាគ្មិនក្នុងសិក្ខាសាលាស្តីពី "ការគាំទ្រសហគ្រាសធុនតូច និងមធ្យមលើ ការយល់ដឹង ផ្នែកច្បាប់ និងហិរញ្ញវត្ថុ សម្រាប់កំណើនប្រកបដោយចីរភាព"។
សូមស្វាគមន៍មកកាន់ ការសម្ពោធដាក់ឲ្យដំណើរការសាខាទី៤ របស់ធនាគារ SME នៅលើទឹកដីខេត្តត្បូងឃ្មុំ ដែលមានសក្តានុពលសេដ្ឋកិច្ច វិស័យកសិ-ឧស្សាហកម្ម នាព្រឹកថ្ងៃចន្ទ ទី០២ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម...
នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ លោកបណ្ឌិត លឹម អូន អគ្គនាយក នៃធនាគារ SME បានអញ្ជើញចូលរួមក្នុងការបើកសម្ពោធនូវ “ពិព័រណ៌ផលិតផលសហគ្រិនស្រ្តីកម្ពុជា ឆ្នាំ២០២៣” នៅផ្សារទំនើបអូឡាំព្យា ដែលត្រូវបានរៀបចំឡើងដោយសមាគមសហគ្រិនស្រ្តីកម្ពុជា ក្រោមអធីបតីភាព...
ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ក្រោមការដឹកនាំរបស់លោកបណ្ឌិត លឹម អូន អគ្គនាយកនៃធនាគារ អមដំណើរដោយថ្នាក់ដឹកនាំ និងបុគ្គលិក បាននាំយកនូវសម្ភារសិក្សាមួយចំនួន ប្រគល់ជូនសាលាបឋមសិក្សាជាំសង្កែ ដែលស្ថិតនៅក្នុងភូមិតានៃ ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤។
គម្រោងហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យម ត្រូវបានអភិវឌ្ឍន៍ឡើងក្នុងគោលបំណងផ្តល់ការគាំទ្រដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈគម្រោងហិរញ្ញប្បទានដែលមានលក្ខខណ្ឌអនុគ្រោះ និងអត្រាការប្រាក់់ទាប។ ការផ្តល់ហិរញ្ញប្បទានតម្រូវចំពោះអតិថិជនគោលដៅដែលបានកំណត់ក្នុងបញ្ជីវិស័យគោលដៅ។
គម្រោងហិរញ្ញប្បទានសហគ្រិនស្រ្តីត្រូវបានអភិវឌ្ឍន៍ឡើងក្នុងគោលបំណងផ្តល់ការគាំទ្រដល់ម្ចាស់សហគ្រាសជាស្រ្តីនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈគម្រោងហិរញ្ញប្បទានដែលមានលក្ខខណ្ឌអនុគ្រោះ និងអត្រាការប្រាក់់ទាប។ សហគ្រិនជាស្រ្តីអាចប្រើប្រាស់គម្រោងហិរញ្ញប្បទានខាងលើ ដើម្បីយកទៅពង្រីកអាជីវកម្ម ឬដំណើរការអាជីវកម្មថ្មីបាន។
This site is registered on wpml.org as a development site. Switch to a production site key to remove this banner.